Wisdom of Life

ការបង្កើតផែនការមេ សម្រាប់ជាមគ្គុទេសក៍លើកិច្ចការ…

acha004_1

សាលប្រជុំអាជ្ញាធរអប្សរា ២៨ សីហា ២០១៥

សិក្ខាសាលាពិគ្រោះយោបល់ ស្តីអំពី
ការបង្កើតផែនការមេ សម្រាប់ជាមគ្គុទេសក៍លើកិច្ចការសំណង់ក្នុងវត្ត នៃបរិវេណឧទ្យានអង្គរ

សេចក្តីផ្តើម
ក- អំពី«កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ» (ACHA)

អាជ្ញាធរអប្សរា សហការជាមួយរដ្ឋាភិបាលញីវហ្សឺឡែន បានរៀបចំគម្រោងមួយដែលមានឈ្មោះថា «កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ» (Angkor Community Heritage and Economic Advancement Project) )ហៅកាត់ជាភាសាអង់គ្លេសថា ACHA (អាឆា) ដែលមានគោលបំណង ចាត់ចែងការថែរក្សាឧទ្យានអង្គរ ដែលជាបេតិកភណ្ឌជាតិប្រកបដោយនិរន្តរភាព ដោយរួមទាំងការផ្តល់នូវវិបុលភាពផ្នែកសេដ្ឋកិច្ច និងសន្តិសុខស្បៀង ដល់ប្រជាជនដែលរស់នៅក្នុងបរិវេណឧទ្យានអង្គរផងដែរ។ កម្មវិធីនេះ មានរយៈពេលចំនួន ៥ ឆ្នាំ ។

នៅក្នុងកម្មវិធីនេះ ព្រះសង្ឃព្រះពុទ្ធសាសនា មានតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ ព្រោះលោកជាអ្នកមានឥទ្ធិពលខ្ពស់លើសហគមន៍ដែលនៅក្នុងបរិវេណឧទ្យានអង្គរនេះ និងជា ទឡ្ហីករណ៍ដ៏ល្អ ក្នុងការរក្សាការពារ ឧទ្យានអង្គរ ដោយការប្រតិបត្តិដែលមាននិរន្តរភាពរបស់វត្តទាំងឡាយ ។ ដូច្នេះ ការផ្តល់ការសិក្សាក្នុងវិស័យនេះ ចំពោះព្រះសង្ឃ គឺជាសកម្មភាពដ៏សំខាន់ ។

ដើម្បីឲ្យការអប់រំនេះមានប្រសិទ្ធិភាព និងភាពជាកម្មសិទ្ធិរបស់ខ្លួន កម្មវិធី ACHA និងគណៈសង្ឃខេត្តសៀមរាប ដែលមានព្រះតេជគុណមេគណខេត្ត នៃគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ បានសម្រេចបង្កើត ក្រុមប្រឹក្សាកិច្ចការវត្តអារាម (MHEC) សម្រាប់មើលការខុសត្រូវលើវត្តទាំង ៣៥ វត្ត នៃឧទ្យានអង្គរ ដោយគណៈសង្ឃបានសម្រេចជ្រើសរើសយកព្រះបាល័ដ្ឋខេត្តសៀមរាប ជុំ គឹមឡេង ជាប្រធានដឹកនាំក្រុមប្រឹក្សាកិច្ចការវត្តអារាម និងមន្ត្រីសង្ឃមួយចំនួនជាសមាជិក និងមានព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជាគណៈថ្នាក់ ទោ ជាព្រះប្រធានកិត្តិយស ។

អង្គការ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ ដែលមានការិយាល័យកណ្តាលនៅខេត្តបាត់ដំបង និងមានសាខានៅក្នុងខេត្ត ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ និងព្រះវិហារ ត្រូវបានកម្មវិធី ACHA រើសយកជាដៃគូក្នុងការសម្របសម្រួលកម្មវិធីនេះ ឲ្យប្រព្រឹត្តទៅបានល្អ ដើម្បីឲ្យទៅដល់គោលដៅរបស់ ACHA ដែលបានគ្រោងទុក ។ ក្នុងឆ្នាំ ២០១៥ នេះ អង្គការ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ ក្រោមការគាំទ្រថវិកា និងបច្ចេកទេសពីគម្រោង ACHA បានរៀបចំសកម្មភាពគាំទ្រដល់ក្រុមប្រឹក្សាកិច្ចការវត្តអារាម និងវត្តចំនួន១១ ដែលមាន ១-វត្តទោលខ្ពស់ ២-វត្តថ្មី ៣-វត្តស្វាយរមៀត ៤-វត្តព្រះដាក់ ៥-វត្តភ្នំបូក ៦- វត្តលលៃ ៧-វត្តនាមរូប ៨-វត្តប្រាសាទច័ន្ទរង្សី ៩-វត្តបាគង ១០-វត្តអង្គរខាងត្បូង និង ១១-វត្តបន្ទាយក្បាលចិន ។

ខ- អំពីការបង្កើតផែនការមេ សម្រាប់ជាមគ្គុទេសក៍លើកិច្ចការសំណង់ក្នុងវត្ត នៃបរិវេណឧទ្យានអង្គរ

នៅក្នុងរយៈពេលជិតមួយឆ្នាំ ដែលក្រុមប្រឹក្សាកិច្ចការវត្តអារាម និងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ចុះជាប់ជាមួយវត្តទាំង ១១ នេះ យើងបានឃើញថា កិច្ចការសាងសង់សំណង់ថ្មីៗ និងការជួសជុលសំណង់ចាស់ៗ ដែលមាននៅក្នុងវត្ត និងបរិវេណប្រាសាទ មិនទាន់បានចុះសម្រុងល្អជាមួយនឹងបទបញ្ញត្តិរបស់អាជ្ញាធរអប្សរា ដែលជាអាជ្ញាធរអនុវត្តច្បាប់ ស្តីពី ការថែរក្សាឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌអង្គរនៅឡើយទេ ដែលធ្វើឲ្យមានការល្អក់កករទឹកចិត្តរវាងគ្នានឹងគ្នា ។

នៅពេលដែលសួរពីមូលហេតុ នៃការសាងសង់ខុសច្បាប់ សមាជិកសមាជិកាក្នុងវត្តនីមួយៗ ភាគតិចណាស់ដែលទទួលថាខ្លួនខុស តែភាគច្រើន តែងទម្លាក់កំហុសដាក់គ្នា ដូចជា៖
· ទម្លាក់កំហុសលើចៅអធិការវត្ត
· ទម្លាក់កំហុសលើគ្រូសូត្រឆ្វេងស្តាំ
· ទម្លាក់កំហុសលើអាចារ្យ ឬ គណៈកម្មការវត្ត
· ទម្លាក់កំហុសលើអាជ្ញាធរអប្សរា
· ទម្លាក់កំហុសលើការមិនបានអាន ព្រោះឃើញតែហត្ថលេខាយល់ព្រម
· ។ល។

ក្រុមការងាររបស់យើងបានរកឃើញថា ស្ថានភាពមិនល្អបែបនេះ ដែលអាចកើតឡើងបាន ក៏ព្រោះតែ តាមវត្តនីមួយៗ ពុំមានផែនការមេក្នុងការរៀបចំ និងអភិវឌ្ឍន៍ដីវត្តនៅឡើយ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង និងពុំមានសេចក្តីសម្រេចណាមួយរបស់ចៅអធិការ និងអាចារ្យ គណៈកម្មការវត្តបច្ចុប្បន្ន ទុកជាវត្តិប្រតិបត្តិសម្រាប់ជំនាន់ក្រោយឡើយ ដែលនឹងអាចបង្កឲ្យមានជម្លោះ ឬ វិវាទ កើតឡើងទៀត នាពេលអនាគត ជាមិនខាន ។

សិក្ខាសាលានេះ មានគោលបំណង ដើម្បីនិមន្តព្រះសង្ឃ អាចារ្យ និងគណកម្មការវត្តនីមួយៗ មកពិភាក្សាគ្នា អំពីគំនិត «ផែនការមេក្នុងការរៀបចំ និងអភិវឌ្ឍន៍ដីវត្ត» ដើម្បីឲ្យបានយល់ច្បាស់ និងជាគំនិតសម្រាប់ការរៀបចំ «ផែនការមេក្នុងការរៀបចំ និងអភិវឌ្ឍន៍ដីវត្ត» នេះ នៅពេលខាងមុខ សម្រាប់វត្តនីមួយៗ ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាកិច្ចការវត្តអារាម និង អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ក្នុងកម្មវិធី ACHA ។ យើងសង្ឃឹមថា «ផែនការមេក្នុងការរៀបចំ និងអភិវឌ្ឍន៍ដីវត្ត» នេះ បើបានរៀបចំតាមវត្តហើយៗ និងមានការយល់ព្រមតាមអំពី ព្រះអនុគណ និងព្រះមេគណខេត្ត មន្ទីរធម្មការនិងកិច្ចការសាសនា មន្ទីរវប្បធម៌និងវិចិត្រ សិល្បៈ និងអាជ្ញាធរអប្សរានោះ ក្រៅពីជាមគ្គុទេសក៍សម្រាប់វត្តហើយ គឺនឹងបានទៅជាលិខិតសក្តិ៍សិទ្ធិ៍មួយថែមទៀត ក្នុងការទប់ទល់នឹងសំណង់អនាធិបតេយ្យក្នុងវត្ត ការសាងសង់ដែលមិនត្រូវបទដ្ឋានរបស់ច្បាប់ ការប្រើប្រាស់ទឹកលុយ និងអំណាច ដើម្បីមានឥទ្ធិពលលើវត្ត និងការកេងប្រវ័ញ្ចលើដីវត្តជាដើម។

អ្នកចូលរួម ប្រមាណ ជា ១០០ រូប
· មន្ត្រីសង្ឃក្នុងខេត្តសៀមរាប៖
o ព្រះមេគណខេត្តទាំង ២ គណៈ (២រូប)
o មន្ត្រីសង្ឃខេត្ត (៣រូប)
o ព្រះអនុគណ និងលេខាអនុគណ ស្រុក/ក្រុង សៀមរាប ប្រាសាទបាគង បន្ទាយស្រី ពួក (៨រូប)
· តំណាងវត្តទាំង ១១ វត្ត៖ ចៅអធិការវត្ត គ្រូសូត្រ និងអាចារ្យ/គណកម្មការវត្ត៖ (៣៣រូប)
១-វត្តទួលខ្ពស់ ២-វត្តថ្មី ៣-វត្តស្វាយរមៀត ៤-វត្តប្រដាក ៥-វត្តភ្នំបូក ៦- វត្តលលៃ ៧-វត្តនាមរូប ៨-វត្តច័ន្ទរង្សី ៩-វត្តបាគង ១០-វត្តអង្គរខាងត្បូង និង ១១-វត្តបន្ទាយក្បាលចិន។
· ក្រុមប្រឹក្សាកិច្ចការវត្តអារាម (១១រូប)
· អាជ្ញាធរខេត្តដែលពាក់ព័ន្ធនឹងតំបន់អង្គរ
o លោកប្រធានមន្ទីរធម្មការនិងកិច្ចការសាសនា (១រូប)
o លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ (១រូប)
o តំណាងសាលាស្រុក/ក្រុង សៀមរាប ប្រាសាទបាគង បន្ទាយស្រី និងស្រុកពួក (៤រូប)
· អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធនឹងតំបន់អង្គរ និងវត្ត
o មេឃុំ/ចៅសង្កាត់ បាគង អំពិល នគរធំ ព្រះដាក់ រុនតាឯក ទឹកវិល ដូនកែវ និងរលួស (៨រូប)
o មេភូមិ ដែលវត្តទាំង ១១វត្ត តាំងនៅ (១១រូប)
· អាជ្ញាធរអប្សរា (០៨ រូប)
· កម្មវិធី ACHA (០៥ រូប)
· អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ (៥រូប)

ជាលទ្ធផល វត្តទាំអអស់និងអ្នកចូលរូម គាំទ្រអោយវត្តទាំងអស់មានផែនការមេ និងសូមអោយកម្មវិធីACHA និង ពឌអ ជួយសម្របសម្រួលអោយបានកើតឡើងក្នុងឆ្នាំ ២០១៦ ខាងមុខនេះ។
acha workshoop at srpacha workshoop at srpacha srp