

ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍
៣០ ឆ្នាំ ដើម្បីវឌ្ឍនភាពកម្ពុជា
១៩៩០ – ២០២០
ថ្ងៃអង្គារ ០៨កើត ខែ ពិសាខ ឆ្នាំមមែ ព.ស ២៥៣៣ ត្រូវនឹង ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ១៩៩០
ជាថ្ងៃដែល ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ (ពដអ) បានចាប់បដិសន្ធិឡើងនៅក្នុងឋានៈជាអង្គការមិនមែនរដ្ឋាភិបាល ដោយព្រះភិក្ខុ ឥន្ទបញ្ញោ ហេង មណីចិន្តា រួមជាមួយនឹងព្រះភិក្ខុសង្ឃដទៃទៀតនៃវត្តប្រាសាទសិរី ដែលមានព្រះអធិបតីសង្ឃសិរីសុវណ្ណោ ពិន សែម ជាព្រះចៅអធិការវត្ត មានទីតាំងស្ថិតនៅជំរុំជនភៀសខ្លួនឫទ្ធិសែន/សាយធូ នាព្រំប្រទល់ ខ្មែរ-ថៃ នៃខេត្តបន្ទាយមានជ័យ[i]។ ថ្វីត្បិតតែមិនបានចុះឈ្មោះជាផ្លូវការ ជាមួយនឹងស្ថាប័នណាមួយក្តី ក៏ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ជាអង្គការសង្គមស៊ីវិល និងមិនមែនរដ្ឋាភិបាល ដំបូងមុនគេហើយ ដែលបានបង្កើតឡើងនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។
លុះដល់ឆ្នាំ ១៩៩៤ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ក៏បានសុំចុះឈ្មោះជាមួយក្រសួងធម្មការនិងសាសនានៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១ ជាបណ្តោះអាសន្ន ហើយនៅក្នុងឆ្នាំ ១៩៩៩ ពដអ ក៏បានចុះឈ្មោះនៅក្រសួងមហាផ្ទៃទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាំងពីពេលនោះមកដល់បច្ចុប្បន្ន។ ក្នុងរយៈពេល ៣០ឆ្នាំ មកនេះ ពដអ បានចាប់ផ្តើមកិច្ចការអភិវឌ្ឍ ដោយយកវត្តអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងជាទីតាំង។ នៅឆ្នាំ ២០០៣ ពដអ បានពង្រីកសាខាចំនួន៧កន្លែង គឺនៅក្នុងខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ និង ព្រះវិហារ រហូតដល់បច្ចុប្បន្ន។ សមិទ្ធិផលដែលគួរកត់សម្គាល់មួយចំនួនដែលចេញពីសកម្មភាពរបស់ពដអ ក្រោមទស្សនវិស័យ៖
- សង្គមប្រជាធិបតេយ្យមួយ ដែលមានការអប់រំល្អ មានការគោរពច្បាប់មានការគោរពសិទ្ធិមនុស្ស គ្មានភាពក្រីក្រ និងគ្មានជម្ងឺដែលមនុស្សអាចការពារបាន
- សង្គមសីលធម៌មួយ ដែលបដិបត្តិតាមពុទ្ធោវាទ និងទំនៀមទម្លាប់វប្បធម៌ ប្រពៃណីខ្មែរ
- និង សង្គមមួយ ដែលមានមនសិការចំពោះបរិស្ថាន និងការយល់ដឹងពីជំរើស ទាំងឡាយដែលនឹងនាំមកតាមរយៈ ការអភិវឌ្ឍន៍ និង សាកលភាវូបនីយកម្ម។
ដោយពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ មានភារកិច្ចត្រូវ
- លើកទឹកចិត្ត ផ្តល់យោបល់ សេវាកម្មគាំទ្រ និងបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយនិរន្តរ៍ភាពនៅក្នុងសហគមន៍របស់ខ្លួន។
ប្រកាន់យកទស្សនវិជ្ជា
- ពុទ្ធសាសនាជាមគ្គុទេសន៍សំរាប់ការអភិវឌ្ឍន៍
- ការចូលរួមពីសហគមន៍ក្នុងការធ្វើឱ្យកើតឡើងនូវលទ្ធផលនៃការអភិវឌ្ឍន៍ ដល់មូលដ្ឋានរបស់ខ្លួនដោយខ្លួនឯង
- ការផ្សារភ្ជាប់ពុទ្ធសាសនាទៅនឹងសង្គម ដោយការចូលរួមសហការអំពីព្រះសង្ឃនិងដូនជី ក្នុងការអនុវត្តន៍សកម្មភាព ដើម្បីផ្តល់នូវការសង្រ្គោះ និងសេវាសង្គមនៅក្នុងសហគមន៍នីមួយៗ
សកម្មភាពជាយុទ្ធសាស្ត្រធំៗចំនួន៥ ដែល ពដអ ប្រើក្នុងការសម្រេចឲ្យបាននូវទស្សនវិស័យ ភារកិច្ច និង ទស្សនវិជ្ជា ខាងលើ រួមមាន៖
- សកម្មភាពដែលទាក់ទងទៅនឹងវិស័យសិក្សាអប់រំ បណ្តុះបណ្តាលសមត្ថភាព
- សកម្មភាពដែលទាក់ទងទៅនឹងការបង្កើនជីវភាពរស់នៅរបស់ក្រុមគោលដៅ
- សកម្មភាពដែលទាក់ទងទៅនឹងការថែរក្សាសុខភាព
- សកម្មភាពដែលទាក់ទងទៅនឹងការបណ្តុះនិងពង្រឹងគុណធម៌សង្គម និង
- សកម្មភាពជំនួយសង្គ្រោះបន្ទាន់
(សកម្មភាពជាយុទ្ធសាស្ត្រទាំង៥ ខាងលើនេះ និងមានជូនជាលម្អិតតាមក្រោយ។)
នៅក្នុងរយៈពេល៣០ឆ្នាំនេះ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍មានសេចក្តីរីករាយ ដែលបានចូលរួមចំណែកក្នុងឋានៈជាសង្គមស៊ីវិល ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយជាវិជ្ជមានដល់ស្ថាប័នគ្រួសារ ស្ថាប័ន គ្រប់គ្រង ស្ថាប័នសេដ្ឋកិច្ច ស្ថាប័នការសិក្សា និងស្ថាប័នសាសនា ដែលជាស្ថាប័នគោលក្នុងការទ្រទ្រង់ប្រទេសជាតិមួយឲ្យមានសេចក្តីសុខ សន្តិភាព និងស្ថិរភាព។ ពដអ សុំថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងថ្នាក់មូលដ្ឋាននៃខេត្តទាំង៧ និង ម្ចាស់ជំនួយអន្តរជាតិនិងជាតិទាំងអស់ ដែលជាកម្លាំងចលករធ្វើឲ្យ ពដអ បានសម្រេចនូវសមិទ្ធិផលកន្លងមកនេះ។
សុំថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាក្រុមគោលដៅទាំងអស់ ដែលបានផ្តល់នូវសេចក្តីមេត្តាស្រឡាញ់ និង សហការជាមួយ ពដអ តាំងពីដំបូងរហូតដល់បច្ចុប្បន្ន។ ជាចុងក្រោយ សុំថ្លែងអំណរព្រះគុណនិងអរគុណ ចំពោះសហការីពដអទាំងអស់ ទាំងខ្មែរនិងបរទេស ទាំងព្រះសង្ឃ ដូនជី និង គ្រហស្ថ ដែលតែងតែប្រកាន់យកនូវសច្ចៈធម៌ ខន្តីធម៌ និង កតញ្ញូតាធម៌ ចំពោះ គោលការណ៍ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ទោះជាកំពុងស្ថិតនៅក្នុងការងារក្តី ឬ បានចេញទៅកាន់កន្លែងការងារថ្មីក្តី។
សូមអានិសង្សនៃការបំពេញកុសលកម្មរួមគ្នានេះ បានជាបច្ច័យក្នុងការទ្រទ្រង់ព្រះគុណម្ចាស់ លោកស្រី លោក ទាំងជាតិនិងអន្តរជាតិ ដែលបានរួមចំណែកដល់សមិទ្ធិផល៣០ឆ្នាំនេះ បានជួបតែនឹងពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ ជាដរាបតរៀងទៅ។
ពីខ្ញុំព្រះករុណា-ខ្ញុំបាទ
ធម្មបណ្ឌិត ហេង មណីចិន្តា
[i] ក្នងឆ្នាំ១៩៩០នោះ តំបន់ឫទ្ធិសែន/សាយធូ នេះ ស្ថិតនៅក្រោមការកាន់កាប់របស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ(រជរបខ) ដែលមានឯកឧត្តមសឺន សាន ជាប្រធានរណសិរ្ស និង លោកធូ ថុន ជាប្រធានជំរុំ ស្ថិតនៅភាគខាងលិចនៃខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។